«ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ
អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។ ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរបានកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ដោយរៀបចំពិធីបួងសួងសុំយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ចេញពីទីតាំងបច្ចុប្បន្នទៅគង់នៅវត្តរាជបូណ៌ ហើយនាំរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌពីខេត្តឧត្តរមានជ័យមកដាក់នៅទីតាំងដើមនោះជំនួសវិញ។ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការកែសម្រួលនេះមានគោលបំណងស្ដារទ្រង់ទ្រាយប្រវត្តិសាស្ត្រនិងអត្តសញ្ញាណដើមរបស់ទីតាំងរង្វង់មូល ដោយរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ គឺជារូបសំណាក់ដើមដែលធ្លាប់បានតម្កល់នៅទីនោះពីមុន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្ដីសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងទូទាំងប្រទេស។…
