គណៈរដ្ឋមន្ត្រីកម្ពុជា អនុម័តលើឯកសារសំខាន់ៗចំនួន៤
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសំខាន់ៗចំនួន៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ឯកសារដែលត្រូវបានអនុម័តរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា; សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS); សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ២០២៦-២០២៨; និងសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០២៥-២០៣០។ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ដែលមាន ២៥ ជំពូក និង ១០៤ មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រង…
