សេចក្ដី​សង្ខេប​៖ ទីក្រុងប៉ារីស​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ទឹកដី​កម្ពុជា-ថៃ ស្រប​តាម​ច្បាប់​អន្តរជាតិ ខណៈ​ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីលើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ថាមពល សុខាភិបាល និង​បច្ចេកវិទ្យា ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋមក​កាន់​រាជធានី​ភ្នំពេញ​។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ដោយ​សន្តិ​វិធី តាមរយៈ​កិច្ច​សន្ទនា និង​ច្បាប់​អន្តរជាតិ ខណៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​លោកមក​កាន់​កម្ពុជា​បាន​នាំ​ឱ្យ​មាន​ការ​ចុះ​ហត្ថ​លេខាលើ​ឯកសារសហ​ប្រតិបត្តិ​ការ​ចំនួន ២៩ ដែល​ជា​កំណត់​ត្រា​ថ្មី ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីលើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ថាមពល សុខាភិបាល និង​បច្ចេកវិទ្យា​។

កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ខណៈ​លោក Macron បានជួប​ពិភាក្សា​ជាមួយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សន​កិច្ចរយៈ​ពេលបី​ថ្ងៃ​របស់​លោកមក​កាន់​កម្ពុជា ដែល​ស្រប​ពេល​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​លើកទី២០​។

លោក Macron និង​ភរិយា លោក​ស្រី Brigitte Macron បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍ តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ សីហមុនី​។ ដំណើរ​ទស្សន​កិច្ច​នេះ​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​ប្រធានាធិបតី​បារាំងមក​កាន់​កម្ពុជា ចាប់​តាំងពី​ដំណើរ​ទស្សន​កិច្ច​របស់​អតីត​ប្រធានាធិបតី​បារាំង លោក François Mitterrand ក្នុង​ឆ្នាំ១៩៩៣​។

កាលពី​ថ្ងៃ​អា​ទិត្យ ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខាលើ​ឯកសារសហ​ប្រតិបត្តិ​ការ​ចំនួន ២៩ រួម​មាន កិច្ច​ព្រម​ព្រៀង​ពន្ធដារ​ទ្វេភាគី កិច្ច​ព្រម​ព្រៀង​អន្តរ​រដ្ឋាភិបាល​ស្តីពី​កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​ការពារ​ជាតិ និង​លក្ខន្តិកៈកង​កម្លាំង​ប្រដាប់​អាវុធ និង​សេចក្ដី​ប្រកាស​បំណង​ស្តីពី​ការ​គាំទ្រ និង​រៀបចំ​វិស័យ​រចនា​សម្ព័ន្ធ​វិជ្ជា​ជីវៈ​បេតិកភណ្ឌ​។ កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​គ្របដណ្តប់លើគម្រោង​ស្ថានីយ​បញ្ជូន​និង​រក្សា​ថាមពលវារី​អគ្គីសនី សេចក្តី​ប្រកាស​បំណង​ស្តីពី​ការ​បង្កើត​យន្ត​ការ​ស្រាវជ្រាវ​សុខ​ភាព​សាធារណៈ និង​កិច្ច​សន្យា​បង្កើតទី​ផ្សា​របោះដុំ​។

ការ​ចុះ​ហត្ថលេខា​នេះ​ក៏​រួម​បញ្ចូល​អនុស្សរណៈ​នៃ​ការយោគ​យល់​ចំនួន ២៣ ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​សាធារណៈ និង​ឯកជន ដែល​ឆ្លុះ​បញ្ចាំងពី​កិច្ចសហ​ប្រតិបត្តិ​ការ​លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការពារ​ជាតិ បេតិកភណ្ឌ​វប្បធម៌ ថាមពល និង​សកម្មភាព​ពាណិជ្ជកម្ម​។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម បន្ទាប់ពី​កិច្ច​ពិភាក្សា​ទ្វេភាគី​នៅ​វិមាន​សន្តិភាព លោក ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍ថា ឯកសារសហ​ប្រតិបត្តិ​ការ​ចំនួន ២៩ នេះ គឺជា​ចំនួន​ច្រើន​បំផុត​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អាណត្តិ​នីតិ​កាលទី៧ ដែល​បង្ហាញពី​ជម្រៅ​នៃ​ភាពជា​ដៃគូ​កម្ពុជា-បារាំង​។ លោក​បាន​បញ្ជាក់ថា មេ​ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នាលើ​អាទិភាព​នានា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិ​សុខសកល និង​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​សេចក្ដី​ប្រកាស​នយោបាយ​រួម ស្រប​ពេល​ជាមួយនឹង​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ ដោយ​មាន​ប្រសាសន៍ថា លទ្ធផល​ដែល​សម្រេច​បាន​នឹង​ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​ជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​។

លោក​បានគូស​បញ្ជាក់ពី​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា​តាមរយៈទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ចាប់​តាំងពី​ឆ្នាំ១៩៩៣ និង​បាន​ថ្លែងថា កិច្ច​ព្រម​ព្រៀង​វិនិយោគ​ទាំង​នេះ​នឹងបើក​ឱកាស​សម្រាប់​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​។

កាលពី​រសៀល​ថ្ងៃ​អា​ទិត្យ លោក Macron បានជួប​លោក ហ៊ុន សែន នៅ​វិមាន​សាមគ្គី​ភាព​នៃ​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង និង​កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគី​។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​ថ្លែងថា លោក ហ៊ុន សែន បាន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​បារាំងថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ទំនាក់​ទំនង​កម្ពុជា-បារាំង ដែល​ធ្វើ​ឡើង ៦០ឆ្នាំ​ក្រោយ​ដំណើរ​ទស្សន​កិច្ច​របស់​អតីត​ប្រធានាធិបតី​បារាំង លោក Charles de Gaulle។

យោង​តាម​លោក ធីរិទ្ធ បាន​ឱ្យ​ដឹងថា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា រូបថត​សកម្មភាព​របស់​ប្រធានាធិបតី​បារាំង​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសាធារណជន ដោយ​លោក​បាន​បន្ថែមថា ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​សេចក្ដី​រីករាយ​ដែល​បាន​ឃើញ​លោក Macron ដើរ​នៅ​ខាង​មុខ​ព្រះបរម​រាជ​វាំង ដែល​ឆ្លុះ​បញ្ចាំងពីមនោសញ្ចេតនា​ស្រឡាញ់ និង​ទំនុក​ចិត្តលើ​ប្រទេសបារាំង​។

ក្នុង​ឱកាស​ជំនួប​នេះ លោក Macron បាន​ថ្លែងថា លោក​មាន​សេចក្ដី​រីករាយ​ដែល​បានជួប​លោក ហ៊ុន សែន ជា​ថ្មី និង​បាន​អញ្ជើញមក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​លើកទី២០ បន្ទាប់ពី​ជំនួប​របស់​អ្នក​ទាំង​ពីរ​នៅ​ប្រទេសបារាំង​ក្នុង​ឆ្នាំ២០២២​។ លោក Macron បានកត់សម្គាល់ថា ជំនួប​កាលពី​លើក​មុន​បាន​បង្កើត​ទំនាក់​ទំនង​ដែល​ផ្អែកលើ​ទំនុក​ចិត្ត​ទៅវិញ​ទៅមក ហើយ​បាន​រំឭកថា ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ គឺជា​ស្ថាបនិក​មួយ​ព្រះអង្គ​ក្នុង​ចំណោម​ស្ថាបនិក​នៃហ្វ្រង់កូហ្វូនី​។ មេ​ដឹកនាំ​ទាំង​ពីរ​ក៏បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើកិច្ចសហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ការ​អប់រំ និង​បច្ចេកវិទ្យា​ផងដែរ​។

ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​ដោយ​សន្តិ​វិធី

មេ​ដឹកនាំ​ទាំង​ពីរ​ក៏បាន​ពិភាក្សា​អំពី​ការ​វិ​វត្ត​ក្នុង​តំបន់ និង​អន្តរជាតិ រួម​ទាំង​ស្ថាន​ការណ៍​ព្រំដែន​កម្ពុជា-ថៃ ដោយ​លោក Macron បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​កិច្ច​សន្ទនា និង​ដំណោះ​ស្រាយ​តាមរយៈ​ការ​ចរចា ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម លោក Macron បាន​ជំរុញឱ្យ​កម្ពុជា និងថៃវិលត្រឡប់មករក​កិច្ច​សន្ទនា​តាមរយៈ​ការ​ពិភាក្សា​ទ្វេភាគី និង​យន្ត​ការ​ពហុ​ភាគី ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​។

លោក​បាន​ថ្លែងថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​របស់​បារាំង​ចំពោះ​ការវិលត្រឡប់មករក​កិច្ច​សន្ទនា​វិញ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​តាមរយៈ​វេទិកា​ពហុ​ភាគីសម​ស្រប​រវាង​កម្ពុជា និងថៃ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​តាមរយៈ​ការ​ចរចា និង​ដោយ​សន្តិ​វិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ការប្តេជ្ញា​ចិត្ត​ជា​អន្តរជាតិ​របស់​ប្រទេស​នីមួយៗ»។

លោក Macron បាន​លើក​ឡើងថា សន្តិភាព​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​កម្ពុជា ដែល​ធ្លាប់រង​គ្រោះ​ដោយសារ​សង្គ្រាម​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​បន្ថែមថា អាស៊ាន​បាន​បង្កើត​តំបន់​សន្តិភាព​មួយ​។

លោក​បាន​ថ្លែងថា​៖ «យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីទប់​ស្កាត់​កុំឱ្យសង្គ្រាមវិលត្រឡប់មក​កាន់​តំបន់​នេះ​វិញ ដោយ​លោក​បាន​សំដៅ​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ និង​បន្ថែមថា ភាគី​ទាំង​អស់​គួរ​ធ្វើ​ការ​រួម​គ្នា​ដើម្បីទប់​ស្កាត់​ជម្លោះ​ក្នុង​តំបន់»។

ជា​ការ​ឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​។ លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេសបារាំង និង​លោក Macron ចំពោះ​ការ​គាំទ្រ​ការ​គោរព​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​គ្រប់​គ្រង​ទំនាក់​ទំនង​រវាង​ប្រទេស​នានា ដោយ​បានគូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការ​គោរព​ធម្មនុញ្ញ​អង្គ​ការសហ​ប្រជា​ជាតិ រួម​ទាំង​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​រដ្ឋ​នីមួយៗ​។

កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ការ​វិនិយោគ

កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ដោយ​មេ​ដឹកនាំ​ទាំង​ពីរ​បានគូស​បញ្ជាក់ពី​ឱកាស​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​។

លោក Macron បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ន​បារាំង​មាន​ក្រុម​ហ៊ុន​ជាង ២០០ កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា ហើយ​ក្រុម​ហ៊ុន​មួយ​ចំនួន​នឹង​ចូល​រួម​ក្នុង​វេទិកាធុរ​កិច្ច​បារាំង-កម្ពុជា លើកទី៣ ដែល​គ្រោង​រៀបចំ​កាលពី​ម្សិលមិញ​។ លោក​បានកត់សម្គាល់ពី​កិច្ច​ព្រម​ព្រៀង​ក្នុង​វិស័យ​ថាមពល រួម​ទាំង​គម្រោង​ស្ថានីយ​បញ្ជូន និង​រក្សា​ថាមពលវារី​អគ្គីសនី ដែល​រំពឹងថា​នឹងជួយ​ពង្រឹង​ស្វ័យភាព​ថាមពល​របស់​កម្ពុជា ធ្វើឱ្យ​បណ្តាញ​អគ្គិសនី​មាន​ស្ថិរ​ភាព និង​លើក​កម្ពស់​ការ​គ្រប់​គ្រង​ការ​ផ្គត់​ផ្គង់​អគ្គិសនី​។

ក្នុង​វិស័យ​កសិកម្ម និង​ស្បៀង​អាហារ បារាំង និង​កម្ពុជា​កំពុង​ចាប់​ផ្តើម​បង្កើតទី​ផ្សា​របោះដុំ​ផលិតផល​កសិកម្ម​ស្រស់​នៅ​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន Rungis ដែល​ជា​ប្រតិបត្តិ​ករទី​ផ្សា​របោះដុំ​ស្បៀង​អាហារ​មួយ​នៅ​ប្រទេសបារាំង​។

លោក Macron បាន​ថ្លែងថា AFD បាន​វិនិយោគ​ទឹក​ប្រាក់​ជិត ៧០លានអឺរ៉ូ (ប្រមាណ ៧៧លាន​ដុល្លារ) លើគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ និង​បច្ចេកវិទ្យា​ថ្មីៗ​នៅ​ឆ្នាំ២០២៦ ដោយ​បំពេញ​បន្ថែម​លើកិច្ចសហ​ប្រតិបត្តិ​ការ​ជាមួយ​ក្រុម​ហ៊ុន​បារាំង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​របស់​បារាំង​តាមរយៈ AFD ដោយ​បន្ថែមថា កិច្ច​ព្រម​ព្រៀង​វិនិយោគលើ​វិស័យ​ថាមពល សុខាភិបាល ដឹក​ជញ្ជូន ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កសិកម្ម នឹងបើក​ទំព័រ​ថ្មី​មួយ​ក្នុង​កិច្ចសហ​ប្រតិបត្តិ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​។

ការ​ស្រាវជ្រាវ AI និង​បច្ចេកវិទ្យាឌីជីថល

កិច្ចសហ​ប្រតិបត្តិ​ការ​ផ្នែក​បច្ចេកវិទ្យា​បាន​ក្លាយ​ជា​វិស័យ​មួយ​នៃ​ភាពជា​ដៃគូ ដោយ​កម្ពុជា និង​បារាំង​កំពុង​ជំរុញ​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​មួយ​សម្រាប់​បញ្ញា​សិប្ប​និម្មិត (AI) និង​វិទ្យាសាស្ត្រ​ទិន្នន័យ​។

លោក Macron បាន​មាន​ប្រសាសន៍ថា មជ្ឈមណ្ឌល​នេះ​នឹង​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ជំនាន់​ថ្មី​របស់​កម្ពុជា និង​ពង្រឹង​សមត្ថ​ភាព​ផ្នែក​បច្ចេកវិទ្យា​បន្ទាប់ពី​កម្ពុជា​ចូល​ជា​សមាជិក​នៃ​ភាព​ជា​ដៃគូសកល​ស្តីពី​បញ្ញា​សិប្ប​និម្មិត ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការលើ​អភិបាល​កិច្ច AI។

ប្រទេស​ទាំង​ពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហ​ប្រតិបត្តិ​ការលើបច្ចេកវិទ្យាឌីជីថល រួម​មាន បច្ចេកវិទ្យា​ប្រភពបើកចំហ បច្ចេកវិទ្យាកង់ទិច និង​គម្រោង​ពាក់​ព័ន្ធ​នឹង​វិស័យ​អវកាស​។ លោក Macron បាន​បន្តថា កិច្ចសហ​ប្រតិបត្តិ​ការលើបច្ចេកវិទ្យា​ថ្មីៗ​នឹងជួយ​គាំទ្រ​ដល់​កម្ពុជា ខណៈ​ប្រទេស​កំពុង​ត្រៀម​ខ្លួន​ចាក​ចេញពី​ចំណាត់​ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

វិស័យ​សុខាភិបាល អប់រំ និង​បេតិកភណ្ឌ​វប្បធម៌

ក្នុង​វិស័យ​សុខាភិបាល លោក Macron បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ថ្នាល​អន្តរជាតិ PRISME សម្រាប់​ការ​ស្រាវជ្រាវ​សុខ​ភាពសកល ដែល​ជា​ថ្នាល​ដំបូង​គេ​នៅ​អាស៊ី និង​អាចឱ្យ​អ្នក​ស្រាវជ្រាវ​បារាំង និង​កម្ពុជា​ធ្វើ​ការ​រួម​គ្នា​។ លោក​ក៏​បានគូស​បញ្ជាក់ពី​កិច្ចសហ​ប្រតិបត្តិ​ការលើ​វិស័យ​អប់រំ ការ​បង្រៀន​ភាសាបារាំង និង​ការ​ផ្លាស់​ប្តូរ​រវាង​សាកល​វិទ្យាល័យ ព្រម​ទាំង​ភាពជា​ដៃគូ​ក្នុង​ការ​អភិ​រក្ស និង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។

ការពារ​ជាតិ និង​សន្តិ​សុខ​ឆ្លងដែន

សន្និសីទ​សារ​ព័ត៌មាន​នេះ​ក៏បាន​រំឭក​ដល់ខួប​លើកទី៨០ នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​យោធា​រវាង​កម្ពុជា និង​បារាំង​ផងដែរ​។ លោក ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍ថា ប្រទេស​ទាំង​ពីរ​នឹង​ពង្រីក​ការ​ផ្លាស់​ប្តូរ​ផ្នែក​យោធា កម្ម​វិធី​បណ្តុះ​បណ្តាល និង​ការ​កសាង​សមត្ថភាព ព្រម​ទាំង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុង​ក្រប​ខណ្ឌ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​របស់​អង្គ​ការសហ​ប្រជា​ជាតិ​។

លោក Macron បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​សុពល​ភាព​កិច្ច​ព្រម​ព្រៀង​អន្តរ​រដ្ឋាភិបាល​ស្តីពី​កិច្ចសហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ និង​លក្ខន្តិកៈកង​កម្លាំង​ប្រដាប់​អាវុធ ដោយកត់សម្គាល់ថា ប្រទេស​ទាំង​ពីរ​មាន​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​របស់​អង្គ​ការសហ​ប្រជា​ជាតិ ដែល​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​ចូល​រួម​ចំណែក​ផងដែរ​។

មេ​ដឹកនាំ​ទាំង​ពីរ​ក៏បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​ឆ្លងដែន រួម​មាន ឧក្រិដ្ឋ​កម្ម​មាន​អង្គការ​ចាត់​តាំង ឧក្រិដ្ឋ​កម្មសាយប័រ ការជួញដូរ​គ្រឿងញៀន និង​ការ​ឆបោក​តាមអនឡាញ​។ លោក Macron បាន​មាន​ប្រសាសន៍ថា បារាំង​នឹង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​ផ្នែក​ប្រតិបត្តិ​ការ និង​យុត្តិ​ធម៌​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ដែលប៉ះ​ពាល់​ដល់​ប្រទេស​ទាំង​ពីរ​។

ការ​ពង្រឹង​ភាពជា​ដៃគូ​ឡើង​វិញ

លោក Macron បាន​ថ្លែងថា ទំនាក់​ទំនង​រវាង​កម្ពុជា និង​បារាំង​មិន​ត្រឹមតែ​គ្របដណ្តប់លើ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​រួម​បញ្ចូល​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន សហ​គ្រាស សាកល​វិទ្យាល័យ និង​អង្គការ​សង្គម​ស៊ីវិល​របស់​ប្រទេស​ទាំង​ពីរ លើ​វិស័យ​សុខាភិបាល បេតិកភណ្ឌ ច្បាប់ កសិកម្ម កម្មវិធី​យុវជន សារមន្ទីរវិទ្យា បច្ចេកវិទ្យាឌីជីថល និង​ឧស្សាហកម្ម​វប្បធម៌​។ លោក​បាន​ទទួល​ស្គាល់​ចំពោះ​ការ​រួម​ចំណែក​របស់​ពលរដ្ឋ​បារាំង​នៅ​កម្ពុជា និង​ប្រជាជន​កម្ពុជា​នៅ​ប្រទេសបារាំង ដែល​ដើរតួ​នាទី​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រជា​ជាតិ​ទាំង​ពីរ​។

លោក Macron បាន​បញ្ជាក់ថា បារាំង​នឹង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ការ​ចាក​ចេញពី​ចំណាត់​ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ លោក​បានកត់សម្គាល់ថា កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុងប៉ារីស​ឆ្នាំ១៩៩១ និង​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាពជា​ដៃគូ ដែល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​មាន​គោលបំណង​ពង្រឹង និង​ធ្វើ​ឱ្យ​មាន​ភាព​សកម្ម​ឡើង​វិញ​។

Leave a Reply

Your email address will not be published. Required fields are marked *